ភ្នំពេញ៖ ឆ្នាំនេះ«កឋិនទាន» នឹងចាប់ផ្តើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដើម្បីឱ្យការរៀបចំ បុណ្យកឋិនទាន ប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និង ឱ្យស្របទៅនឹងសេចក្ដីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លេខ១០/២០២៥ គ.ជ.ប.អ. ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងធម្មការនិងសាសនា សូមទូលថ្វាយ ប្រគេន និងធ្វើការណែនាំដល់ មន្ទីរធម្មការនិងសាសនារាជធានីខេត្ត។
កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង។ បុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន៖ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង, ដើម្បីផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ, ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ, ដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន។