ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់)នៅថ្ងៃទី២៩ ខែកញ្ញា បានឆ្លើយតបនឹងចម្ងល់របស់ពលរដ្ឋ ពាក់ព័ន្ធនឹងប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗនេះ។ លោក បានបញ្ជាក់ថា គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លេីងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិត ឬប្រទេស/ក្រុមហ៊ុនផលិត។
លោក ហេង រតនា បានលើកឡើងថា កន្លងមកមានប្រជាពលរដ្ឋស្នេីសុំលោកឱ្យជួយបកស្រាយ ដោយចោទជាសំណួរថា"ធ្វេីយ៉ាងម៉េចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ។ ជាការឆ្លើយតបអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ផ្អែកតាមលក្ខណៈបច្ចេកទេសមានចំនុចវិភាគសំណាកជាច្រេីន លោកបានលេីកយកចំនុចសង្ខេបខ្លីមកបញ្ជាក់ថា៖ គ្រាប់បែកទម្លាក់ពីយន្តហោះក្តី ឬគ្រាប់កាំភ្លេីងធំក្តី សុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិត ឬប្រទេស/ក្រុមហ៊ុនផលិត។
បន្ថែមលេីសនេះ លោកបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពអង្គភាពCMAC ក្នុងការធ្វេីការសិក្សាស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ ដោយមានកំណត់ត្រាព័ត៌មានពាក់ពន្ធ័ការទម្លាក់គ្រាប់បែកពីយន្តហោះ ដូចជាកាលបរិច្ឆេទ ប្រភេទយន្តហោះ និងចំនុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះ។ លក្ខណៈបច្ចេកទេសនេះ គ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡេីយ៕