កំពង់ស្ពឺ៖ គម្រោងជួសជុលប្រព័ន្ធអាងទឹកចាន់ថ្នាល ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលមានសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៩៦០ហិកតា និងរដូវប្រាំងចំនួន ៥៩៦ហិកតា សម្រេចបានប្រមាណ ៣៥%។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
ការងារសំខាន់ៗរបស់គម្រោងជួសជុលប្រព័ន្ធអាងទឹកចាន់ថ្នាល ស្ថិតក្នុងឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ រួមមាន៖ ជួសជុលទំនប់សណ្តខាងក្រោមអាងទឹកចាន់ថ្នាល ប្រវែង ៧០០ម៉ែត្រ, ស្តារប្រឡាយចំនួន ២ខ្សែ ប្រវែងសរុប ១៥០០ម៉ែត្រ និង សាងសង់សំណង់សិល្បការ្យសរុបចំនួន ៧កន្លែង។
បើតាមលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម គម្រោងជួសជុលប្រព័ន្ធអាងទឹកចាន់ថ្នាល គឺក្នុងគោលបំណងស្ទាក់ទឹកដែលហូរពីជួរភ្នំឱរ៉ាល់នៅរដូវវស្សាមកស្តុកក្នុងប្រព័ន្ធអាងទឹកចាន់ថ្នាលនេះ។ លើសពីនេះ លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់បន្ថែមថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៩៦០ហិកតា និងរដូវប្រាំងចំនួន ៥៩៦ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១០៦០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ៕