ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ បានលើកឡើងថា ឆន្ទៈ មនសិការ និងការចូលរួមប្រជាជនក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ គឺជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន។ ការលើកឡើងនេះ ក្នុងពិធីបើកជាផ្លូវការពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរដែលរៀបចំឡើងដោយ ស.ស.យ.ក. នាឱកាសនេះ ជាវេទិកាដ៏សំខាន់ដែលបង្ហាញពីសមត្ថភាព និងសក្ដានុពលរបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគតជុំវិញពាក្យគន្លឹះថា «ខ្មែរធ្វើបាន»។ ដូច្នេះ ពិព័រណ៍ផលិតផលខ្មែរ គឺលើសពីកម្មវិធីតាំងពិព័រណ៍ ប៉ុន្តែជាវេទិកាប្រមលផ្ដុំសំឡេងតែមួយ ឆន្ទៈតែមួយ ក្នុងការចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក។
លោកបានបន្ថែមថា ឆន្ទៈ មនសិការ និងការចូលរួមប្រជាជននៅក្នុងកម្មវិធីពិព័រណ៍នេះ ជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់ផលិតករ អាជីវករ និងសេវាករទាំងអស់ក្នុងការប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួន ដែលជាការមួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។ លោកសង្កត់ធ្ងន់ថា ស្មារតីគាំទ្រ ស្មារតីសាមគ្គីភាព និងការរួបរួមគ្នា មិនមែនមានតែក្នុងស្ថានភាពនេះទេ ប៉ុន្តែត្រូវបន្តមានជារៀងរហូត។
លោក ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសប្បូរបែប ដោយគិតគូរទាំងបរិមាណ និងគុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្មរបស់ខ្លួន ហើយ ស.ស.យ.ក នឹងប្ដេជ្ញារៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរឱ្យបានរាល់ឆ្នាំ និងមានភាពទាក់ទាញ ដើម្បីជាប្រយោជន៍ដល់ផលិតករ សេវាករ អ្នកប្រើប្រាស់ រួមទាំងសម្រាប់សង្គមជាតិកម្ពុជាទាំងមូលស្របតាមបុព្វហេតុ និងបេសកម្មរបស់ ស.ស.យ.ក.៕