ភ្នំពេញ៖ ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» បានចាប់ផ្ដើមជាផ្លូវការ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ព្រមទាំងលោក លោកស្រី ម្ចាស់រោងចក្រ សហគ្រាស ម្ចាស់អាជីវកម្ម អ្នកផលិតមាតិកា រួមទាំងបងប្អូនសាធារណជនជាច្រើនរូប។
កម្មវិធីនេះ មានស្តង់ផលិតផលខ្មែរជិត ៣០០ស្តង់ ក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញពីផលិតផលខ្លួនដ៏សម្បូរបែបសម្រាប់ពលរដ្ឋ។
គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរនេះ គឺជាការចូលរួមបង្ហាញសាមគ្គីភាព ការគាំទ្រដល់រាជរដ្ឋាភិបាល បង្ហាញជំហររឹងមាំ ចូលរួមជំរុញការគាំទ្រផលិតផលក្នុងស្រុក ចាប់ពីថ្ងៃទី២៦ - ២៨ ខែកញ្ញា ឆ្នាំ២០២៥។ វត្តមានរបស់ប្រជាពលរដ្ឋខ្មែរ គឺមិនមែនត្រឹមតែជាការស្វែងយល់ពីអ្វីដែលជាសក្ដានុពល និងសមត្ថភាពរបស់កូនខ្មែរទេ ក៏ប៉ុន្តែជាចំណែកមួយក្នុងការពង្រឹងផលិតភាពរបស់ខ្មែរយើងទៅអនាគតបន្ថែមទៀតផងដែរ៕