ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិត ក្នុងផេកផ្លូវការរបស់ គឹម សុខ ដែលថា “រាជរដ្ឋាភិបាលកម្ពុជាទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀតផង”។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគ្រប់គ្រងធ្វើបុណ្យសពតាមប្រពៃណី និងផ្ដល់គោលរបបប្រកបដោយកិត្តិយសខ្ពស់បំផុតចំពោះយោធិនពលីទាំងអស់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
កងយោធពលខេមរភូមិន្ទ បដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់បុគ្គលនេះ ដែលជាទង្វើក្បត់ជាតិ និងមានគោលបំណងបំបាក់ស្មារតីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិនិងប្រជាជនខ្មែរ ដែលកំពុងរងគ្រោះពីការរំលោភបំពានមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕