អាម៉េរិក៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមទទួលពានរង្វាន់ The High Seas Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងស្តីពីការ«អភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ» (BBNJ) ។ ការទទួលបានពានរង្វាន់នេះ បានផ្តល់កិត្តិយសដល់កម្ពុជា ជាប្រទេសគំរូមួយក្នុងចំណោមប្រទេសចំនួន៦០ដំបូងគេ ដែលបានចូលក្នុង«កិច្ចព្រមព្រៀង BBNJ»។
លោក អ៊ាង សុផល្លែត បានតំណាងកម្ពុជាទទួលពានរង្វាន់ The High Sea Treaty Champion ក្នុងកម្មវិធី High Level Side Event: From Nice too New York: Activate the High Sea Treaty ទន្ទឹមគ្នាជាមួយឥស្សរជនសំខាន់ៗ មេដឹកនាំនយោបាយកម្រិតខ្ពស់ ក្រុមអង្គការអន្តរជាតិធំៗ និងសកម្មជនយុវជនផ្សេងទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងការចរចា ដើម្បីបង្កើតបានសន្ធិសញ្ញា ការចូលរួមដោះស្រាយបញ្ហាបរិស្ថាន ការចូលរួមប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការអភិរក្សមហាសមុទ្រ រហូតដល់បានអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង (BBNJ) និងការអនុវត្តសន្ធិសញ្ញានេះប្រកបដោយប្រសិទ្ធភាព។
បើតាមក្រសួងបរិស្ថាន កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងកំឡុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីសនៃសាធារណរដ្ឋបារាំង។ កម្ពុជាបានអនុវត្តនីតិវិធីបន្តបន្ទាប់ រហូតបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង BBNJ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ មុនសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នាទីក្រុងញូវយ៉កនៃសហរដ្ឋអាម៉េរិកក្នុងពេលនេះ។
សន្ធិសញ្ញាស្តីពី The High Sea Level Treaty បានបង្កើតឡើងបាន បន្ទាប់ពីប្រទេសដំបូងគេចំនួន ៦០ប្រទេស បានផ្តល់សច្ចាប័នលើ «កិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ)» អំឡុងពេលនៃព្រឹត្តិការណ៍ពិសេស ស្តីពីសកម្មភាពអាកាសធាតុ ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២៦ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិកាន់តែខ្លាំងឡើង ការពារមហាសមុទ្រ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារជីវិត និងជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងពិភពលោក៕