681 ezgif.com resize
Swift cc time

កម្ពុជាប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៥៥% ត្រឹមឆ្នាំ២០៣៥

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន 

ទីក្រុងញូវយ៉ក៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំទី២០២៥ បានចូលរួមសនិ្នសីទអាកាសធាតុ នៅទីស្នាក់កណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងបានថ្លែងបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែជាប្រទេសមួយទទួលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។

យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ផែនការជាតិរួមចំណែកជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣(NDC3.0)​​ ដែលបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ គឺជាជំហ៊ានសំខាន់មួយឆ្ពោះទៅកៀរគរធនធានហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងវិនិយោគដែលបញ្ចេញកាបូនតិច មានភាពធននិងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កម្ពុជាត្រូវការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយគ្នានេះ កម្ពុជាក៍បានប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ផ្អែកលើគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។

បើតាមប្រភពដដែល ផែនការ NDC 3.0 ត្រូវបានរៀបចំឡើងដោយផ្អែកលើការប្តេជ្ញាចិត្ត និងផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យកាន់តែប្រសើរជាងមុន និងលើកកម្ពស់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុស្របតាមអាទិភាពជាតិ និងគោលដៅកំណត់កំណើនសីតុណ្ហភាពសកលឱ្យនៅក្រោមកម្រិត ១.៥ អង្សារសែសស៊ុស ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ថា ផែនការជាតិនេះមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ដែលស្មើនឹងប្រមាណ ៧៣.៧ MtCO2e (លានតោននៃសមមូលឧស្ម័នកាបូនិក) នៅត្រឹមឆ្នាំ២០៣៥ ក្រោមសេណារីយ៉ូមានលក្ខខណ្ឌ ដោយផ្តោតលើវិស័យថាមពល (រួមទាំងការដឹកជញ្ជូន និងការផលិតនិងសំណង់) ដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល (IPPU) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត (FOLU) និងវិស័យសំណល់៕

Khcct banner

អត្ថបទទាក់ទង