681 ezgif.com resize
Swift cc time

UNសាទរកម្ពុជាក្លាយជាប្រទេសស្ថាបនិកមួយក្នុងចំណោមប្រទេស៦០ដំបូងគេដែលផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងBBNJ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាម៉េរិក៖កម្ពុជាក្លាយជាសមាជិករដ្ឋភាគីដំបូងគេមួយ ដែលបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និង បានក្លាយជាប្រទេសទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងនេះ។ព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រព្រឹត្តទៅស្របជាមួយសប្តាហ៍ពិសេសជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក អាម៉េរិក ដោយមានវត្តមានមេដឹកនាំនៃបណ្តាប្រទេសរដ្ឋភាគី នៃអង្គការសហប្រជាជាតិ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនមកពីជុំវិញពិភពលោក។

លោក បណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ពីមោទកភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមជាមួយសហគមន៍អន្តរជាតិ ដោះស្រាយបញ្ហាបរិស្ថានសកល ជាពិសេសការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។លោកថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត បានដឹកនាំឱ្យប្រទេសកម្ពុជា ក្លាយជាសមាជិករដ្ឋភាគីដំបូងគេមួយ ដែលបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និង ការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ដែលឆ្លុះបញ្ចាំងពីការគាំទ្ររបស់កម្ពុជាលើការការពារជីវៈចម្រុះសមុទ្រ និងការធានាការប្រើប្រាស់ដោយសមភាព និងនិរន្តរភាពនៃធនធានសមុទ្រនៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ។

សូមបញ្ជាក់ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ ជាលទ្ធផល កម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៥ ក្លាយជាសមាជិកស្ថាបនិកមួយនៃកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃជីវចម្រុះនៅក្នុងតំបន់លើសពីយុត្តាធិការជាតិ (BBNJ) ដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងសមុទ្រខ្ពស់ គឺជាឯកសារផ្លូវច្បាប់ដ៏លំបាកបំផុតមួយ ក្នុងការចរចានៅអង្គការសហប្រជាជាតិ (UN) នាពេលកន្លងមក។

តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន ការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការចូលរួមគ្រប់គ្រង អភិរក្សធនធាន សមុទ្រនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅផែនយុត្តាធិការជាតិ សម្រាប់បច្ចុប្បន្ននិងអនាគត។ ការការពារ និងការអភិរក្សបរិស្ថានសមុទ្រក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ព្រមទាំងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រដោយមានភាគីពាក់ព័ន្ធនានាចូលរួមរួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល៕

Khcct banner

អត្ថបទទាក់ទង