ភ្នំពេញ៖ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា តាមរយៈបណ្តាញសង្គម បានគូសបញ្ជាក់ថា ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព និង ការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋខ្មែររស់នៅ ភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្លេះ។
លោក ហេង រតនា បានគូសបញ្ជាក់ថា ការដោះមីននេះ គឺចែកជាដំណាក់កាល ដោយទី១ ឆ្នាំ១៩៩២-១៩៩៨៖ ដំណាក់កាលធ្វេីការបោសសម្អាតមីន ដេីម្បីបេីកផ្លូវសុវត្ថិភាពក្នុងការធ្វេីមាតុភូមិវិវត្តន៍ និង គាំទ្រការតាំងទីលំនៅនិងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២-៩៣ និង ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ទី២ ឆ្នាំ១៩៩៨-២០០៣៖ ដំណាក់កាលនៃការបោសសម្អាតមីនដេីម្បីគាំទ្រសុវត្ថិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកថា ការដំណេីរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះ មានសហគមន៍អន្តរជាតិច្រេីនណាស់បានដឹងលឺនិងចងចាំការពិតនេះ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់។
ចំពោះ រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ ក្រុមការងារព្រំដែនទាំងខ្មែរ និងសៀមបានជួបពិភាក្សាគ្នាច្រេីនលេីកច្រេីនសារហេីយ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡេីយ។លោកថា ប្រសិនពិតជាអ្នកជិតខាងគ្នាល្អមែននោះ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម មិនត្រូវប្រេីប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ ព្រោះទង្វេីបែបនេះបង្កេីនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត៕