ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ បានបញ្ជាក់ថាសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១៧ឈ្មោះ មីតាក (T2517) ព្យុះទី១៨ឈ្មោះ រ៉ាហ្គាសា (T2518) និង ព្យុះទី១៩ឈ្មោះ នេហ្គោរី (T2519) មានឥទ្ធិពលខ្លាំងលើរបបខ្សែមូសុងនិរតីដែលបក់លើសមុទ្រអានដាមមែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះអាចនឹងធ្វើឱ្យភ្លៀងធ្លាក់ពីថ្ងៃទី ៩ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ គន្លងផ្លូវដើររបស់ព្យុះទាំងនេះ ពុំមានឥទ្ធិពលខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់ បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។
តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។
តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។ រលកសមុទ្រខ្លាំងៗ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕