ភ្នំពេញ៖ សមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា នាថ្ងៃទី១៨ កញ្ញា បានប្រកាសគាំទ្រខ្លឹមសារសារលិខិតរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការស្នើសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំកំពូលៗរបស់ពិភពលោក ដើម្បីជំរុញឱ្យមានការគោរពយ៉ាងពេញលេញចំពោះលក្ខខណ្ឌបទឈប់បាញ់និងកិច្ចព្រមព្រៀងទាំងអស់ ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំ(GBC) និង(RBC) រវាងកម្ពុជា និងថៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
បើតាមសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា គាំទ្រដល់ការជំរុញឱ្យមាន ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដែលសម្រេចបាននៅទីក្រុងពុត្រាចាយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំ GBC និង RBC នាពេលថ្មីៗនេះ ហើយ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពជាឯកតោភាគី ការហាមប្រើកម្លាំងប្រឆាំងជនស៊ីវិលនិងទ្រព្យសម្បត្តិ។ ការរុះរើឧបករណ៍ដែលទើបដាក់ថ្មីៗ ដូចជាលួសបន្លា និងសំបកកង់រថយន្ត ក្នុងតំបន់ដែលពលរដ្ឋខ្មែរបាន និងកំពុងរស់នៅរាប់ទសវត្សរ៍ និងក្នុងតំបន់ដែលការកំណត់ខណ្ឌសីមាព្រំដែននៅមិនទាន់បានដោះស្រាយបញ្ចប់។
បន្ថែមពីនេះ គាំទ្រលើការបញ្ឈប់ផែនការបណ្ដេញចេញដោយបង្ខំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបណ្ដេញចេញរួចហើយ អាចវិលត្រឡប់ទៅកាន់លំនៅឋាននិងដីរបស់ពួកគេវិញ។ ការបញ្ឈប់ការប្រើប្រាស់គម្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី ហើយអនុញ្ញាតឱ្យយន្តការទ្វេភាគីដែលមានស្រាប់ បន្តធ្វើការងារដោយសន្តិវិធីផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀង អនុសញ្ញានិងសន្ធិសញ្ញា និងច្បាប់អន្តរជាតិដែលមានស្រាប់។ ការដោះលែងជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ និងការធ្វើមាតុភូមិនិវត្តន៍យោធិនកម្ពុជាចំនួន១៨រូប ដែលកំពុង ស្ថិតក្រោមការឃុំឃាំងនៅប្រទេសថៃ៕