ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និង លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបោសសម្អាតមីនក្នុងភូមិព្រៃអណ្តូង ឃុំប្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដើម្បីប្រកាសជាភូមិអស់មីន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈការអនុវត្តគម្រោងផ្តល់ផលរហ័សនៅកម្ពុជា “Quick Impact Projects” រវាងអាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
លោក លី ធុជ បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាសក្ខីភាពជាក់ស្តែងមួយបន្ថែមទៀតនៃទំនាក់ទំនងល្អជាប្រវត្តិសាស្រ្ត និងមិត្តភាពយូរអង្វែងរវាងរដ្ឋាភិបាលនិងប្រជាជនឥណ្ឌា-កម្ពុជា ដែលបានគាំទ្រក្នុងវិស័យសកម្មភាពមីន ទាំងការបោសសម្អាតមីន និងសង្រ្គោះជនរងគ្រោះដោយសារមីន គឺបានឆ្លុះបញ្ចាំងពីភាពជាដៃគូយ៉ាងរឹងមាំ និងតែងតែជួយគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាអាចសម្រេចនូវគោលដៅមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោក លី ធុជ បញ្ជាក់ទៀតថា ការគាំទ្ររបស់ឥណ្ឌា មិនត្រឹមតែជាការបោសសម្អាតមីនប៉ុណ្ណោះទេ វាជាការផ្លូវទៅកាន់ការស្តារឡើងវិញនូវភាពថ្លៃថ្នូររបស់សហគមន៍ និងការពង្រីកសក្តានុពលគ្មានដែនកំណត់របស់កម្ពុជា ចាប់តាំងពីខេត្តកោះកុង ដល់ខេត្តពោធិ៍សាត់ ចាប់ពីការប្រកាសភូមិគ្មានមីន រហូតដល់គំនិតផ្តួចផ្តើម "ឥណ្ឌាដើម្បីមនុស្សជាតិ" ក្នុងការផ្តល់អវយវៈសិប្បនិមិត្តដល់ជនរងគ្រោះ។
ជាមួយគ្នានោះលោក Vanlalvawna Bawitlung បានលើកឡើងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងឥណ្ឌានិងកម្ពុជា ដែលត្រូវបានកសាងឡើងដោយទំនុកចិត្ត សុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា។ នេះជាការអនុវត្តគម្រោងបោសសម្អាតមីនលើកទីបី ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា រវាងស្ថានទូត និងអាជ្ញាធរមីន ហើយផ្ទៃដីចំនួន ២០ហិកតា នឹងត្រូវបានរំដោះចេញពីគ្រាប់មីន និងមានអ្នកទទួលផលប្រមាណជា ១.០០០ នាក់។ ភូមិព្រៃអណ្តូង ក្នុងខេត្តពោធិ៍សាត់ នឹងត្រូវប្រកាសជាភូមិគ្មានមីន ដែលអាចរួមចំណែកផ្តល់ឱកាសជាច្រើន សម្រាប់អនាគតកាន់តែប្រសើរ និងសុវត្ថិភាព៕