681 ezgif.com resize
Swift cc time

គ.ជ.អ.ប.សហការជាមួយUNDP និងអង្គការCPDD រៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោង(STA Project)

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅថ្ងៃទី១៨កញ្ញានេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា និងអង្គការ CPDD បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោង «ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA Project)» នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាង UNDP ប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុងគោលដៅទាំង៣ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបចំនួន១៧៨រូប ស្រី៤៧រូប។

ដោយទទួលបានហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា លេខាធិការដ្ឋាន គ.ជ.អ.ប. បានអនុវត្តគម្រោង «ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA Project)» ចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៥ (៣ឆ្នាំ) ក្នុងគោលបំណងដើម្បីបង្កើនការចូលរួម និងការទទួលយោបល់ត្រលប់របស់ប្រជាពលរដ្ឋ ការបំពេញការងារ និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគាំទ្រការអនុវត្តគោលនយោបាយនៅថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានានៅតាមមូលដ្ឋាន ដែលផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្របទៅតាមគោលបំណង និងគោលដៅរបស់កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។

តាមរយៈការអនុវត្តគម្រោង STA នាពេលកន្លងមក សម្រេចបានសមិទ្ធផលសំខាន់ៗរួមមាន៖

១. វាយតម្លៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (កជទី១) ៖ កំណត់នូវសមិទ្ធផលសំខាន់ៗ និងកម្រិតជោគជ័យនៃការអនុវត្ត កជទី១ ធៀបនឹងសូចនាករ នៃគោលបំណង និងគោលដៅ ព្រមទាំងលទ្ធផលរំពឹងទុកនៃ កជទី១ ដើម្បីចងក្រងជាមេរៀន និងបទពិសោធន៍នៃការអនុវត្ត កជទី១សម្រាប់ជាមូលដ្ឋានក្នុងការកែលម្អគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការរៀបចំ និងការអនុវត្តកម្មវិធីជាតិជាបន្តបន្ទាប់។

២. ការអង្កេតអភិបាលកិច្ចក្នុងក្របខណ្ឌនៃ កជទី២៖ សិក្សាតាមដានអំពីការផ្លាស់ប្តូរនៃសន្ទស្សន៍គន្លឹះៗមួយចំនួនពាក់ព័ន្ធនឹងអភិបាលកិច្ចដូចជា ការផ្តល់សេវា ការឆ្លើយតប ការចូលរួមរបស់ប្រជាពលរដ្ឋ តម្លាភាព និងគណនេយ្យភាព ដោយផ្អែកជាសំខាន់ទៅលើទស្សនៈរបស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សានិងគណៈអភិបាល មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ។

៣. វាយតម្លៃពាក់កណ្តាលអាណត្តិ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (កជទី២)៖ វាយតម្លៃអំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្ដ ធៀបនឹងសូចនាករ ក៏ដូចជាលទ្ធផលរំពឹងទុកនៃផអ៥ទី១ និងសម្រាប់ធ្វើជាមូលដ្ឋានគិតគូរក្នុងការរៀបចំតាក់តែង ផអ៥ទី២ (២០២៦-២០៣០)។

៤. ការអង្កេតសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងក្របខណ្ឌនៃ កជទី២៖ សិក្សាតាមដានអំពីការផ្លាស់ប្តូរឥរិយាបថរបស់បុគ្គលិក និងប្រព័ន្ធនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការអនុវត្តកិច្ចអន្តរាគមន៍អភិវឌ្ឍសមត្ថភាពនានា ព្រមទាំងស្វែងយល់អំពីគម្លាត និងឧបសគ្គនានា ដើម្បីផ្ដល់អនុសាសន៍កែលម្អ លើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពស្ថាប័នក្នុងការអនុវត្តអាណត្តិ និងមុខងារនានាដែលបានកំណត់។

៥. ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) របស់ គ.ជ.អ.ប. និងរដ្ឋបាលថ្នាក់ក្រោមជាតិ៖ អភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់ផ្សព្វផ្សាយព័ត៌មាន អំពីការផ្តល់សេវាសាធារណៈនិងទទួលយោបល់ត្រឡប់ តាមរយៈការដាក់ឱ្យដំណើរការគេហទំព័រផ្លូវការរបស់ គ.ជ.អ.ប. និងក្រុងគោលដៅរបស់គម្រោង។

ថ្លែងក្នុងពិធីបើកកម្មវិធីនេះ លោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ «សមិទ្ធផលទាំងឡាយដែលទទួលបានពីគម្រោង STA បានផ្តល់ជាមូលដ្ឋានគន្លឹះសម្រាប់រួមចំណែកដល់ការតម្រង់ទិស និងពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការគាំទ្រការអនុវត្ត

គោលនយោបាយនៅថ្នាក់ជាតិ និងការរៀបចំតាក់តែងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២(ផអ៥ទី២) នៃ កជទី២»។

លោក UENO Atsushi ឯកអគ្គរដ្ឋទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖ «រដ្ឋាភិបាលជប៉ុនបានប្តេជ្ញាចិត្តជាយូរមកហើយក្នុងការគាំទ្រការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា។ គម្រោងនេះ គឺជាគម្រោងមួយក្នុងចំណោមកកិច្ចខិតខំប្រឹងប្រែងដទៃទៀត ដែលរាជរដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់ក្នុងការចូលរួមលើកកម្ពស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាវិស័យដ៏មានសារៈសំខាន់ក្នុងការសម្រេចបាននូវអភិបាលកិច្ចល្អ ដែលជាកិច្ចការងារអាទិភាពកំណត់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

លោក Enrico Gaveglia តំណាង UNDP ប្រចាំកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ថា៖ «សិក្ខាសាលាថ្ងៃនេះគឺជាវេទិកាដ៏ពិសេសមួយ ដោយផ្តល់ឱ្យអ្នកចូលរួមនូវឱកាសពិសេសមួយដើម្បីជំរុញឱ្យមានអន្តរកម្មរវាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្តនីមួយៗ ចូលរួមក្នុងការពិភាក្សាដោយបើកចំហ និងជំរុញសកម្មភាពសហការគ្នាឱ្យកាន់តែប្រសើរជាលំដាប់។ កិច្ចការងារនេះ ជាការចាប់ផ្តើមនៃជំពូកថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គមនៅកម្ពុជា»។

លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុងបានលុង ខេត្តរតនគិរី ដែលជាក្រុងមួយក្នុងចំណោមក្រុងគោលដៅទាំង៣ នៃគម្រោង STA បានសម្តែងការគាំទ្រដោយលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបេ្តជ្ញាពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈតាមរយៈការលើកកម្ពស់ការចូលរួមប្រជាពលរដ្ឋ ក្នុងការផ្តល់មតិយោបល់ត្រលប់។ យើងពិតជាមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ»។

លោក ស៊ន ពេញ នាយកអង្គការសម្ព័នភាពដៃគូដើម្បីប្រជាធិបតេយ្យ (CPDD) ៖ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ របស់គណៈកម្មាធិការជាតិសម្រាប់លេខាធិការដ្ឋានអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងក្រសួងមហាផ្ទៃសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រ សម្របសម្រួល និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាឱ្យគម្រោងនេះ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជា។ ភាពជាអ្នកដឹកនាំនេះបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចដែលរួមបញ្ចូល ក៏ដូចជាការជំរុញឆ្ពោះទៅរកវឌ្ឍនភាពកាន់តែទូលំទូលាយនៃរបៀបវារៈកំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ឆ្លៀតក្នុងឱកាសនេះ លោក ចាន់ សុធា បានគូសបញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា«កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» គឺជាកំណែទម្រង់អភិបាលកិច្ចផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃរដ្ឋបាលឯកភាព និងគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ព្រមទាំងផ្តោតលើការបែងចែកមុខងារឱ្យបានច្បាស់លាស់រវាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្ទេរមុខងារ ធនធាន សិទ្ធិអំណាច និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។

ក្នុងន័យនេះ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ស្នូលមួយក្នុងចំណោមកំណែទម្រង់ស្នូលទាំង៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណែទម្រង់នេះមានលក្ខណៈអន្តរវិស័យ មានភាពសាំញ៉ាំ និងស្មុគស្មាញ ដោយសារកំណែទម្រង់នេះពាក់ព័ន្ធទាំងផ្នែកនយោបាយ ផ្នែករដ្ឋបាល និងផ្នែកហិរញ្ញវត្ថុ ដែលផ្តល់ផលប៉ះពាល់ទាំងក្នុងកម្រិតស្ថាប័ន និងកម្រិតបុគ្គលិកនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈទូទាំងប្រទេស។

ចុងបញ្ចប់នៃកម្មវិធី លោក ម៉ាអុន ម៉ាអូនណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. សំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងការគាំទ្រថវិកាពី UNDP ប្រចាំកម្ពុជា ដោយមានកិច្ចសហការអនុវត្តគម្រោងរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយអង្គការសង្គមស៊ីវិល និងជាពិសេសការយកចិត្តទុកដាក់ដោយផ្ទាល់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដែលបានធ្វើឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ គម្រោង STA បានអនុវត្តប្រកបដោយជោគជ័យ និងសម្រេចបាននូវលទ្ធផលរំពឹងទុកស្របទៅតាមផែនការ ដោយបានរួមចំណែកយ៉ាងធំធេងដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កម្មវិធីនេះមានការអញ្ជើញចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្ត្រីតំណាងក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងមុខងារសាធារណៈ ក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានី ខេត្តទាំង២៥ រដ្ឋបាលក្រុងគោលដៅទាំង៣ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុប១៧៨រូប ស្រី៤៧រូប៕


Khcct banner

អត្ថបទទាក់ទង