ភ្នំពេញ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយស្ថាប័នពាក់ព័ន្ធ នាថ្ងៃទី១៨ កញ្ញានេះ បានធ្វើការដុតកម្ទេចចោលនូវសាច់បង្កកខូចគុណភាព ដែលបានដកហូតពីទីតាំងស្តុកសាច់បង្កកចម្រុះ ២កន្លែង និងពីរថយន្ត១គ្រឿងដឹកសាច់បង្កកនៅរាជធានីភ្នំពេញសរុបទាំងអស់ចំនួន ២៦,១៦០គីឡូក្រាម ធ្វើនៅទីលានចាក់សំរាមខណ្ឌដង្កោ រាជធានីភ្នំពេញ។
នាថ្ងៃទី១៨ ខែកញ្ញាឆ្នាំ ២០២៥ព្រឹក ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ព្រមទាំងចូលរួមពី សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា ធ្វើការដុតកម្ទេចចោលនូវសាច់បង្កកខូចគុណភាព ដែលបានដកហូតពីទីតាំងស្តុកសាច់បង្កកចម្រុះ ២កន្លែង និងពីរថយន្ត១គ្រឿងដឹកសាច់បង្កកនៅរាជធានីភ្នំពេញ។
សាច់បង្កកដែលត្រូវធ្វើការដុតកម្ទេចចោលមាន÷ឆ្អឹងជំនីជ្រូក, សសៃគោ, គូទមាន់, ខ្លាញ់ជ្រូក, ស្លាបមាន់, សាច់មាន់កិន, សាច់គោ, សាច់ជ្រូក, សសៃជើងមាន់ សរុបទាំងអស់ចំនួន ២៦,១៦០គីឡូក្រាម ធ្វើនៅទីលានចាក់សំរាមខណ្ឌដង្កោ រាជធានីភ្នំពេញ៕