ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៧ កញ្ញា បានចេញសេចក្តីប្រកាសទទូចឱ្យកងកម្លាំងប្រដាប់អាវុធថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពបែបនេះ អនុវត្តការអត់ធ្មត់ជាទីបំផុត និងធានាថា ទាហានរបស់ខ្លួន គោរពយ៉ាងពេញលេញនូវអធិបតេយ្យ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងកាលៈទេសៈនេះ កម្ពុជាក៏បានអំពាវនាវបន្ថែមដល់អន្តរជាតិ ជាពិសេសអាស៊ាន ឱ្យយកចិត្តទុកដាក់ និងទប់ស្កាត់ការកើនឡើងនៃភាពតានតឹង។
នាថ្ងៃទី១៧ ខែកញ្ញាម្សិលមិញ ទាហានថៃដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋ កម្ពុជា នៅភូមិព្រៃចាន់។ សកម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់ រួមទាំងព្រះសង្ឃផងដែរ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួន ដោយសន្តិវិធី។
ការបង្កលើជនស៊ីវិលកម្ពុជា ដែលគ្មានអាវុធ និងកំពុងរស់នៅដោយសន្តិភាពលើទឹកដីដូនតារបស់ខ្លួន មិនត្រូវទទួលរងនូវការគំរាមកំហែង ការរំខាន ឬអំពើហិង្សា ដូច្នេះឡើយ ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មិនត្រឹមតែប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយ បណ្តោយព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំ រាជរដ្ឋាភិបាលទាំងពីរ ក្នុងការដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាដោយសន្តិវិធីនានា។
ក្នុងករណីនេះ ក្រសួងការបរទេសទទូចឱ្យកងកម្លាំងប្រដាប់អាវុធថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពបែបនេះ អនុវត្តការអត់ធ្មត់ជាទីបំផុត និងធានាថា ទាហានរបស់ខ្លួន គោរពយ៉ាងពេញលេញនូវអធិបតេយ្យ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ កម្ពុជា នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះ ព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ច្បាប់ អន្តរជាតិ និងស្មារតីសាមគ្គីភាពរបស់អាស៊ាន៕