ភ្នំពេញ៖ ស.ស.យ.ក នឹងរៀបចំកម្មវិធី«ពិព័រណ៍ផលិតផលខ្មែរ» នៅថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា ដើម្បីបង្ហាញម្ហូបអាហារ ភេសជ្ជៈ និងផលិតផលក្នុងស្រុកជាច្រើនប្រភេទ នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L)។ បន្ថែមពីនេះ កម្មវិធីមានរួមបញ្ចូលនូវសកម្មភាពកម្សាន្តនានា ដែលអនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរីក្នុងរយៈពេល៣ថ្ងៃ។
យោងតាមគេហទំព័រនៃ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រៅពីការដាក់បង្ហាញម្ហូបអាហារ ភេសជ្ជៈ កម្មវិធីពិព័រណ៍ផលិតផលខ្មែរនឹងនាំមកនូវទស្សនីយភាពសិល្បៈចម្រុះដូចជា ការសម្ដែងសៀក ការសម្ដែងភ្លេងពីក្រុមកាយរឹទ្ធិជាតិកម្ពុជា និងកាកបាទក្រហមកម្ពុជា, ការបង្ហាញបសុសត្វ រួមទាំងការជិះរទេះគោ រទេះសេះ, ដើម្បីផ្ដល់ការកម្សាន្តសប្បាយ និងបង្កបរិយាកាសសប្បាយរីករាយដល់សាធារណជនដែលអញ្ជើញចូលរួមរយៈពេល ៣ ថ្ងៃនេះ៕