ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញការកើន ឡើងនៃករណីជំងឺពងបែកដៃ ជើង និងមាត់ នៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យ មានការពិនិត្យព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាល។
យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (enteroviruses) ជាញឹកញាប់គឺ ពួកវីរុសកុកសាគី (coxsackievirus) ភាគច្រើនកើតលើ ទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យផងដែរ។ ជំងឺនេះ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការ ប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម ទឹករងៃ ដែលចេញពីពងបែក លាមកអ្នកជំងឺ។ ចំពោះរោគសញ្ញាជំងឺ មានគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និង មានពងកន្ទួល លើបាតដៃ បាតជើង និង កំប៉ះគូទ។ ជំងឺពងបែក ដៃ ជើង និងមាត់ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមាន រោគសញ្ញា ប្រព័ន្ធប្រសាទ និងរោគសញ្ញាផ្លូវដង្ហើម។
ជាមួយគ្នានេះ ក្រសួង ណែនាំឲ្យប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក លាងដៃកុមារអោយបានញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬជាមួយអាល់កុលដែល ជាពិសេសក្រោយ ប៉ះពងបែក ឬ ដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណីដល់ទារក ឬកុមារ ក្រោយប្រើប្រាស់បង្គន់អនាម័យ និងក្រោយសម្អាតរាងកាយកុមារ។ ម្យ៉ាងទៀត ឪពុកម្តាយនិងអ្នកថែទាំកុមារ ត្រូវរក្សាការប្រុងប្រយ័ត្ន ចំពោះរោគសញ្ញានៃជំងឺ ដើម្បីរកឱ្យឃើញទាន់ពេល និងការពិនិត្យព្យាបាល នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃផលវិបាកជំងឺ៕