កណ្ដាល៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល គ្រោងរៀបចំកែលម្អច្រាំងស្ទឹងព្រែកត្នោ បែកខាងត្បូង ដើម្បីធ្វើឱ្យប្រសើរ ប្រកបដោយភាពទាន់សម័យ មានសោភ័ណភាព បរិស្ថានស្អាត រៀបចំរបៀបរៀបរយឱ្យបានល្អប្រសើរជាងមុន និងរួមចំណែកអភិវឌ្ឍន៍ក្រុងតាខ្មៅ ឱ្យមានភាពស៊ីវិល័យ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ទើបនឹងបើកឱ្យដំណើរការនាពេលថ្មីៗនេះ។
ការប្រកាសគម្រោងនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងតាខ្មៅ ដោយមានការចូលរួមពីលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាក្រុងតាខ្មៅ។
ជាមួយគ្នានោះ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានកោតសរសើរដល់អាជីវករលក់ដូរនៅច្រាំងស្ទឹងព្រែកត្នោត ទាំង ២២តូប ដែលបានចូលរួមសហការយ៉ាងល្អជាមួយអាជ្ញាធរក្រុងតាខ្មៅ ក្នុងការចូលរួមកែលម្អច្រាំងស្ទឹងព្រែកត្នោ។ អាជ្ញាធរ ក៏ត្រៀមរៀបចំតូបសម្រាប់ពួកគាត់ទាំង ២២ ដើម្បីឱ្យពួកគាត់បន្តប្រកបរបរលក់ដូរ ចិញ្ចឹមជីវិត នៅទីតាំងច្រាំងស្ទឹងនេះបន្តទៀត៕