ភ្នំពេញ៖ នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ នាថ្ងៃទី១៦ កញ្ញាម្សិលមិញ បានប្តេជ្ញាបន្តពង្រឹងផែនការសកម្មភាព ដោយឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស កម្ពុជា-ថៃ លើកទី១។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។ ភាគីទាំងពីរ ត្រៀមអនុវត្តកិច្ចសហប្រតិបត្តិការនេះដោយគោរពគ្នាទៅវិញទៅមក ដោយឈរលើស្មារតីកិច្ចសហប្រតិបត្តិការល្អ គោរពតាមច្បាប់ និងអធិបតេយ្យ នៃប្រទេសរៀងៗខ្លួន។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន និងកំណត់ថា ក្រសួងមហាផ្ទៃនិងនគរបាលជាតិនៃប្រទេសទាំងពីរនឹងជួបគ្នាក្នុងរយៈពេល ១ សបា្តហ៍ ដើម្បីបង្កើតក្រុមការងារចម្រុះដែលទទួលភារកិច្ចលើការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។
រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសង្ឃឹមថា រដ្ឋាភិបាលថៃនឹងធ្វើការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរៀងៗខ្លួន ខណៈពេលដែលការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាននិងកំពុងកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងតំបន់ ក៏ដូចជាសកលលោកទាំងមូល៕