សមត្ថកិច្ចជំនាញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះឃាត់ចាប់រថយន្តចំនួន ២គ្រឿង ដែលដឹកសត្វមាន់រស់ សរុបចំនួន ១៦៧ទ្រុង ស្មើនឹង ១,៦៧០ក្បាល ចេញពីវៀតណាម ចូលមកលក់ចែកចាយនៅកម្ពុជា ដោយគ្មានលិខិតអនុញ្ញាត។
លោក ហ៊ុន សារ៉ាត់ អនុប្រធាន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅវេលាម៉ោង ២២ និង១៥នាទី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះឃាត់ចាប់រថយន្តចំនួន ២គ្រឿង ម៉ាកSSANGYONG ISTANA ទាំង២ ដឹកសត្វមាន់រស់ សរុបចំនួន ១៦៧ទ្រុង ស្មើនឹង ១,៦៧០ក្បាល។
លោក ហ៊ុន សារ៉ាត់ បានបន្ថែមថា រថយន្តទាំង២ បានដឹកសត្វមាន់រស់ ចេញពីប្រទេសវៀតណាម ចូលមកលក់ចែកចាយនៅប្រទេសកម្ពុជា ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រោយឃាត់ចាប់រថយន្តទាំង២ ខាងលើ សមត្ថកិច្ចជំនាញបាននាំយកវត្ថុតាង និងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕