កំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចុះទៅរុះលើសំណង់អនាធិបតេយ្យ ដែលជនខិលខូច បានធ្វើការឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
យោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ធ្វើការរុះរើផ្ទះលំហែចំនួន១ខ្នង (សាងសង់បានប្រមាណ៨០% ) រោងប្រក់តង់ចំនួនពីរ (រោងស្នាក់នៅ និងរោងបាយ) របងព័ទ្ធបន្លាលួសព័ទ្ធតំបន់ព្រៃមួយផ្នែកប្រហែល១៥០ម៉ែត្រ និងតំបន់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» បន្ទាប់ពីបានរកឃើញបទល្មើសធនធានធម្មជាតិ បង្កឡើងដោយជនខិលខូច ដែលបានលួចឈូសឆាយ សាងសង់ដោយខុសច្បាប់ កាលពីពេលថ្មីៗកន្លងមកនេះ។
គួរបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងនាំខ្លួនជនល្មើស ដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ដើម្បីបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីនៃច្បាប់៕