ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាព្រលានយន្តហោះធំជាងគេលំដាប់ថ្នាក់លេខ៩ លើពិភពលោក បន្តស្វាគមន៍ភ្ញៀវទេសចរណ៍ អ្នកជូនដំណើរ និងប្រជាពលរដ្ឋចូលទស្សនា អាកាសយានដ្ឋានជាធម្មតា ដោយផ្តល់ជូនការចតនៅចំណតរថយន្តដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៩ កញ្ញា រយៈពេល១អាទិត្យ។
អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F បានបើកឱ្យប្រតិបត្តិការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានភ្លៀវទេសចរណ៍ ពលរដ្ឋជូនអ្នកដំណើរ និងប្រជាពលរដ្ឋចូលមកទស្សនាជាច្រើនកោះករ។ ចាប់តាំងពីថ្ងៃបើកប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ បាននិងកំពុងទទួលភ្ញៀវទេសចរណ៍ទាំងចាស់ ទាំងក្មេងចូលទស្សនា ដោយពលរដ្ឋបានចូលទស្សនា និងគោរពប្រតិបត្តិព្រះពុទ្ធបដិមាដ៏ធំស្គឹមស្កៃមានកំពស់រហូតដល់៩ម៉ែត្រ ដែលស្ថិតនៅចំកណ្តាលអាកាសយានដ្ឋាននេះ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕