ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥។
យោងតាមគេហទំព័រ សម្តេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងគោលបំណងដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។
បើតាមលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋាភិបាលបានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយក្នុងនោះរួមមាន រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ ចំណែកឯ រថយន្តក្រុងចំនួន ៤៩៧គ្រឿង នឹងត្រូវបានប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ៕