681 ezgif.com resize
Swift cc time

តុលាការសម្រេចចោទអ្នកកាសែតពីរនាក់ពាក់ព័ន្ធ«ប្រមូលព័ត៌មាន»ប៉ះពាល់ដល់សន្តិសុខជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប បានសម្រេចធ្វើការចោទប្រកាន់លើអ្នកកាសែត TV Online ពីរ​នាក់​គឺលោក ភាព ភារ៉ា និងលោក ផន សុភាព ទាក់ទងនឹងការប្រមូលព័ត៌មាន ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ ប្រព្រឹត្តនៅក្នុងខេត្តឧត្តរមានជ័យ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សៀមរាប។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា លោក ភាព ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកសារព័ត៌មានអង្គភាពធីអេសភី៦៨ធីវីអនឡាញ និង ឈ្មោះ ផន សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ អ្នកសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ TV Online ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយជាប់សង្ស័យទាក់ទងទៅនឹងការប្រមូលព័ត៌មាន និងការថតរូប នៅក្នុងតំបន់ហាមឃាត់ របស់យោធានៅសមរភូមិ។ តុលាការ​ចាត់​ទុក​​ថា ព័ត៌មានទាំងអស់នេះអាចធ្វើឱ្យប៉ះពាល់ដល់ការការពារជាតិ។

បើ​តាមអ្នក​នាំពាក្យ​ អយ្យការ​បាន​ស្តាប់ចម្លើយ និង ពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង ហើយ​ក៏​បានសម្រេចធ្វើការចោទប្រកាន់អ្នកកាសែតទាំងពីរនាក់ទាក់ទងនឹងការប្រមូលព័ត៌មាន ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ ប្រព្រឹត្តនៅក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ រហូត ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី។

យ៉ាង​ណាក​ក៏​ដោយ អ្នកនាំពាក្យថ្លែង​ថា៖ «សំណុំរឿងនេះពុំទាន់ត្រូវបានជំនុំជម្រះនៅឡើយទេ ហើយបច្ចុប្បន្ន កំពុងស្ថិតនៅដំណាក់កាលស៊ើបសួរ ដោយចៅក្រមស៊ើបសួរកំពុងស៊ើបអង្កេត ស្វែងរកព័ត៌មាន និងស្រាវជ្រាវ ភស្តុតាងក្នុងសំណុំរឿងនេះ។ បន្ទាប់ពីការស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរនឹងសម្រេចថា តើជនត្រូវចោទ ពិតជាបានប្រព្រឹត្ត ឬមិនបានប្រព្រឹត្តដូចបទចោទប្រកាន់»។

Khcct banner

អត្ថបទទាក់ទង