កំពង់ធំ៖ លោក ចាវ សួស្តី បានចាប់ផ្តើម ប្រកបរបរផលជលផល នៅក្នុងឆ្នាំ២០២១ ដោយផលិតប្រហុកម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ទាំងគ្រឿងផ្សំនិងរសជាតិ ធានានូវអនាម័យ និងគុណភាព។ ប្រហុកម្សៅ ត្រូវបានផលិតពីត្រីឆ្ពោះ ធ្លាប់ជាមួយអំបិល ម្សៅអង្ករលីង ឬអង្ករលីងបន្លំទុកក្នុងពាងខាប់ ជាច្រើនខែ ដើម្បីធ្វើឲ្យប្រហុកម្សៅនេះ មានក្លិនឈួល មុត រសជាតិ ឆ្ងាញ់។ សិប្បកម្ម ក៏បានទិញត្រីពីបងប្អូនអ្នកនេសាទ និងវារីវប្បករក្នុងស្រុកថែមទៀតផង។
លោក បន្ថែមថា ប្រហុកម្សៅមណ្ឌល ម្សៅត្រីប្រម៉ា និងផលិតផលប្រហុក ជាផលិតផលស្នូលរបស់សិប្បកម្មកែច្នៃផលនេសាទ ចាវ សួស្តី ដោយ កែច្នៃកពីត្រីរ៉ស ត្រីឆ្ពោះ ត្រីប្រម៉ា និងកូនត្រីតូចៗ សម្រាប់ចែកចាយ តាមទីផ្សារមានតម្លៃទាបនិងមធ្យមក្នុងស្រុក។ សិប្បកម្មនេះ ក៏មានដៃគូ ចែកចាយតាមបណ្តាខេត្តចំនួន៣០ និងកំពុងរៀបចំចុះបញ្ជីដើម្បី ផ្គត់ផ្គង់ចូលផ្សារទំនើប និងអតិថិជននៅក្រៅប្រទេសផងដែរ។
ជាមួយគ្នានោះ លោក ចៅ សួស្ដី បានបញ្ជាក់ថា គម្រោង CAPFISH-Capture បានគាំទ្រជំនួយបច្ចេកទេស លើការរៀបចំផែនការអាជីវកម្ម ការបណ្តុះបណ្តាលស្តីពីមូលដ្ឋានសុវត្ថិភាពម្ហូបអាហារ ការបង្វឹកដល់សហគ្រាស និងបុគ្គលិករបស់សិប្បកម្ម រួម ទាំងដៃគូអាជីវកម្ម។ កញ្ចប់គាំទ្ររបស់គម្រោងបន្ថែមលើប្រាក់កម្ចីមានការធានាជួយឱ្យសហគ្រាសកែលម្អទីតាំងនិងបរិក្ខារកែច្នៃរបស់ខ្លួនបាន ប្រសើរឡើងរួមទាំងការទទួលបានវិញ្ញាបនបត្រសុវត្ថិភាពម្ហូបអាហារ (CQS) កែលម្អការហាលសម្អាតផលិតផលកាន់តែប្រសើរ រួមទាំង សម្ភារៈវេចខ្ចប់និងស្លាកសញ្ញាផលិតផលនិងបង្កើនសមត្ថភាពផលិតដល់ ៥តោន/ឆ្នាំ ជាមួយតម្លៃកាន់តែប្រសើរ៕