ភ្នំពេញ៖ ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស បានថ្លែងពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា លើវិស័យមួយចំនួន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសម្តេច ហ៊ុន ម៉ាណែត។
លោក ម៉ាកូស បានថ្លែងចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសដែលហ្វីលីពីន មានវប្បធម៌រួម និងមានទំនាក់ទំនងល្អជាមួយគ្នា។លោកថ្លែងអរគុណដល់កម្ពុជា សម្រាប់ទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះលោក និងក្រុមការងារ។
ជាមួយគ្នានោះ លោកទទួលស្គាល់ពីផលប៉ះពាល់ពីបទល្មើសមួយចំនួនដែលនាំឱ្យពលរដ្ឋនៃប្រទេសទាំងពីររងគ្រោះ ហើយភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហការបន្ថែម ក្នុងការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ផ្នែកសន្តិសុខ ការផ្លាស់ប្តូរប្រជាជន ការពង្រីកការហោះហើរ។
លោកថា ប្រជាជនហ្វីលីពីន ប្រមាណជាង៧ពាន់នាក់ កំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា លើវិស័យជាច្រើនដូចជា៖ អប់រំ សុខាភិបាល និង ការអភិវឌ្ឍ ដែលជាស្ពាននៃទំនាក់ទំនងនៃប្រទេសទាំងពីរ៕