ភ្នំពេញ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៨-២៨ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ផន រឹម បានបញ្ជាក់ថា ចំពោះមធ្យោបាយធ្វើដំណើរដែលត្រូវបានអនុញ្ញាតរួមមាន៖ អ្នកដំណើរថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ។
ក្នុងពេលបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ននេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគោរពសណ្តាប់ធ្នាប់ គោរពល្បឿនកំណត់ និងអនុវត្តន៍តាមការណែនាំរបស់សមត្ថកិច្ចដែលប្រចាំការសម្រួលចរាចរណ៍នៅទីតាំងនោះ។ លោកបញ្ជាក់បន្ថែមថា ចប់ការអនុញ្ញាតឱ្យឆ្លងកាត់ដូចកាលបរិច្ឆេទខាងលើ ក្រុមការងារការដ្ឋាននឹងបន្តបិទ ដើម្បីបង្ហើយកិច្ចការការដ្ឋានមួយចំនួនតាមបច្ចេកទេសសាងសង់។
គួរបញ្ជាក់ថា មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចការសាងសង់បាន៩៨,១៣%ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម៨៧,១៣%។ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ស្ពាននេះ មានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះស្ថាបនាឡើងមានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។
ផ្លូវតភ្ជាប់មានប្រវែងជិត ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិត គុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ ៤ខ្សែប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ចំនួន ៤គន្លង ដែល២ទៅ ២មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង ដោយ១ទៅ ១មកនិងមានសួន ពុះទ្រូងផ្លូវនៅចំកណ្តាលប្រវែង ៤ម៉ែត្រផងដែរ៕