ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី៤ កញ្ញា ព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) តាមរយៈសម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យ ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃដែលជាមរតកនៃសង្គ្រាមសៀមឈ្លានពានបូរណភាពទឹកដីកម្ពុជាកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ព្រមជាមួយនឹងការផ្តល់ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមដែលបង្ករដោយសង្រ្គាមឈ្លានពានរបស់ទាហានសៀម ប្រយោជន៍ធានាបាននូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋស្លូតត្រង់ភៀសសឹកវិលត្រលប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ។
បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានថ្លែងថា ព្រះរាជអំណោយ នាពេលនេះ និងពេលកន្លងមក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានជាពិសេសគាំទ្រដល់ការងារបន្ទាន់ចំពោះមុខរួមមាន ការផ្តល់ការអប់រំយល់ដឹងពីមីន/គ្រាប់ជូនប្រជាពលរដ្ឋភៀសសឹក និងគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកំពុងស្នាក់នៅជំរុំភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព៕