ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២ កញ្ញា បានប្រកាសណែនាំដល់ប្រតិបត្តិករទេសចរណ៍ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ព្រមទាំងរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃទីតាំងអាជីវកម្មបង្ហាញអំពី វប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី ខេត្ត។
ក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ពិត និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការ ពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍។
កំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅ ផ្នែកខាងក្រៅទីតាំងអាជីវកម្ម។ រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅនៃទីតាំងអាជីវកម្ម សូមបង្ហាញអំពី វប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណរបស់រាជធានី ខេត្ត និងមិនប្រាសចាកពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ។
ក្រសួងក៏បានក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកអំពីការផ្តល់សេវាល្អ បដិសណ្ឋារកិច្ចល្អ និងជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំង រៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ជាពិសេសស្នើសុំឱ្យមានការ រំលេចលក្ខណៈជាខ្មែរ៕