681 ezgif.com resize
Swift cc time

ដើមផ្កា«ជើងគោ»១៥០០០ដើម នឹងដាំនៅតាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រងកំពង់ចាម)

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម គ្រោងផែនការរួចរាល់ក្នុងការដាំដើមឈើផ្កា ប្រភេទ«ជើងគោ» ចំនួន ១៥.០០០ដើម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូល ស្គន់ ស្រុកជើងព្រៃ រហូតដល់ រង្វង់មូល ស្ពានគីហ្សូណា ក្រុងកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំដាក់ដាំដើមឈើផ្កា ប្រភេទ "ជើងគោ" ចំនួន ១៥.០០០ដើម ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូល ស្គន់ ស្រុកជើងព្រៃ រហូតដល់ រង្វង់មូល ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលដើមឈើផ្កាខាងលើ ជាអំណោយរបស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែននគររូបនីយកម្ម និងសំណង់ តាមរយៈការស្នើសុំពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោកអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា គម្រោងដាក់ដាំដើមឈើផ្កា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានពីមុនមក គឺបានព្រមព្រៀងនិងឯកភាពទាំងស្រុង ពីក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងបរិស្ថាន។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា មានផែនការរួចហើយ ចំពោះការដាក់ដដើមឈើផ្កាទាំងនេះ ដោយតម្រូវឲ្យក្រសួង និងអង្គភាពពាក់ព័ន្ធ ធ្វើការសហការជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការចលនា ថែរក្សា ការពារ គឺ មនុស្ស១គ្រួសារ ថែរក្សាដើមឈើផ្កា១ដើម។ សំដៅធ្វើយ៉ាងណាឲ្យការធ្វើចរាចរណ៍តាមដងផ្លូវនេះមានសុវត្ថិភាពខ្ពស់ និងបង្កើនសោភ័ណភាពបរិស្ថានតាមដងផ្លូវ៕


Khcct banner

អត្ថបទទាក់ទង