ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ អាកាសយានដ្ឋានអន្តរជាតិមរតកតេជោ។
ទីតាំងសំខាន់ៗ ដែលលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះពិនិត្យនោះរួមមាន ស្ថានីយចេញដំណើរ ទីតាំង Check In ទីតាំង ត្រួតពិនិត្យ x-ray ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ (ទិដ្ឋាការចេញ បញ្ជរបែបបទចេញ និង Smart Gate) ទីតាំង ច្រកអាទិភាព (Fast Track) ទីតាំង អាហាដ្ឋាន (Premium Loung & Food Court) និងបន្ទប់សេនាការរបស់ប៉ុស្តិ៍ច្រកទ្វារ និងបន្ទប់ CCTV កន្លែងបំពេញបែបបទចេញពីប្រទេសរបស់អ្នកដំណើរ ឆ្លងកាត់តាមបញ្ជរ និង Smart Gate ព្រមទាំងពិនិត្យការអនុវត្តការងារ របស់មន្ត្រី និងស្ថានភាព អ្នកដំណើរតាមរយៈ កាមេរ៉ា CCTV។
ក្រៅពីទីតាំងស្ថានីយចេញដំណើរ លោក ស សុខា ក៏បន្តពិនិត្យស្ថានីយ៍អ្នកដំណើរមកដល់ មានជាអាទិ៍ ទីតាំងបំពេញសលាកបត្រអេឡិចត្រូនិចចូលកម្ពុជា (CeA) ទីតាំងផ្តល់ទិដ្ឋាការពេលមកដល់ ទីតាំងត្រួតពិនិត្យអន្តោប្រវេសន៍ (បញ្ជរបែបបទចូល និង Smart Gate) និងទីតាំង យកអីវ៉ាន់/វាលី។ ឯកឧត្តម ក៏បានពិនិត្យដំណើរការនៃការ បំពេញ CeA ដំណើរការនៃ ការផ្តល់ទិដ្ឋាការ ដំណើរការនៃ ការបំពេញបែបបទចូល ប្រទេសរបស់អ្នកដំណើរឆ្លងកាត់តាមបញ្ជរ និងSmart Gate ព្រមទាំង ស្ថានីយប្រតិភូជាន់ខ្ពស់ (VIP) ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដី ២,៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។ គ្រោងនឹងបើកឱ្យប្រតិបត្តិការ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលអ្នកដំណើរផ្លូវអាកាសចេញ-ចូលប្រទេសកម្ពុជា៕