681 ezgif.com resize
Swift cc time

ទីក្រុងចំនួន៣ និងស្រុកចំនួន២ របស់កម្ពុជា បានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ទីក្រុងចំនួន៣ រួមមាន ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងតាខ្មៅ និងស្រុកចំនួន២រួមមាន ទីប្រជុំជនស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ បានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។


ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត បានប្រារព្ធធ្វើឡើង ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានរបស់រដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសសមាជិក តំបន់នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងនោះគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយអគ្គលេខាអាស៊ាន ផងដែរ។

យោងតាមគេហទំព័រនៃក្រសួងព័ត៌មាន បានឱ្យដឹងថា ទីក្រុងចំនួន៣ និងស្រុកចំនួន២ របស់កម្ពុជា បានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន (ASEAN ESC AWARD) និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត រួមមាន ១) ក្រុងសៀមរាប នៃខេត្តសៀមរាប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានឆ្នាំ២០២៥, ២) ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សេដ្ឋកិច្ចចក្រា, ៣) ក្រុងតាខ្មៅ នៃខេត្តកណ្តាល ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត, ៤) ទីប្រជុំជនស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ វិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាត និង ៥) ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបាន វិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត។

បើតាមប្រភពដដែល លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា លើឆាកអន្តរជាតិ ដែលទីក្រុងនិងទីប្រជុំជនរបស់កម្ពុជាមានភាពស្អាត និងទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រទទួលស្គាល់ទាំងនេះ ដែលឆ្លុះបញ្ចាំងនូវការដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយត្រឹមត្រូវ ព្រមជាមួយការអនុវត្តតាមយុទ្ធសាស្រ្តចក្ក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។

បន្ថែមពីនេះ រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បាននិងកំពុងដាក់ចេញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា បង្កើនគម្របបៃតង និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

Khcct banner

អត្ថបទទាក់ទង