បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ២ ខែកញ្ញានេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យដឹងថា ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្នកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពាន សម្តេចតេជោ ហ៊ុន សែន ក្រុងបាត់ដំបង មានកម្ពស់ ១៣,៧៦ម៉ែត្រ ជាកម្រិតកម្ពស់ទឹកអាចបង្កហានិភ័យ ហើយបច្ចុប្បន្នកំពុងមានការកើនឡើងជាបន្ត បន្ទាប់តាមរយៈជំនន់ទឹកភ្លៀង នៅតំបន់ទីជម្រាលនៃស្ទឹងសង្កែផ្នែកខាងលើ។
ស្ថានភាពបែបនេះ ដើម្បីជៀសវាង បាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ រដ្ឋបាលខេត្តអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេស បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រៀមរៀបចំទុកដាក់ នូវសម្ភារៈ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។
ទន្ទឹមនេះ រដ្ឋបាលខេត្ត ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ ក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់កើតឡើង ព្រមទាំងធ្វើការផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើ បញ្ហាការថែរក្សាសុខភាព អនាម័យ ដើម្បីជៀសវាងបានពីជំងឺឆ្លងផ្សេងៗ៕