ភ្នំពេញ៖ លោកប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos Jr. នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយមកនឹងបន្តទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
បើតាមការចុះផ្សាយសារព័ត៌មានហ្វីលីពីន លោក Claire Castro អនុរដ្ឋលេខាធិការនៃការិយាល័យទំនាក់ទំនងប្រធានាធិបតី (PCO) បានបញ្ជាក់ថា លោក Ferdinand R. Marcos Jr. លោកប្រធានាធិបតីហ្វីលីពីន នឹងមកទីក្រុងភ្នំពេញចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោក Ferdinand R. Marcos Jr. នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ ដើម្បីឡើងថ្លែងការណ៍ពីបញ្ហាពិភពលោក ជាមួយមេដឹកនាំកំពូលលើពិភលលោក។
គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីនចាប់ផ្តើមពីថ្ងៃទី១០-១១ ខែកម្ភៈ។ជាដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ក្រោយមកទៀត នៅថ្ងៃទី ២៧ ឧសភា សម្តេច ហ៊ុន ម៉ាណែត និង លោក Ferdinand R. Marcos Jr. បានស្កាត់ជួបគ្នាម្តងទៀត នៅពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី។
ក្នុងជំនួបកន្លងទៅមេដឹកនាំកម្ពុជា-ហ្វីលីពីន ពិភាក្សាគ្នាអំពីវិស័យសក្ដានុពលសំខាន់ៗមួយចំនួន ជាអាទិ៍៖ ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs), ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេវាកម្មថែទាំសុខភាព, ទេសចរណ៍, ព្រមទាំងសន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចពិភាក្សាលម្អិតលើវិស័យសក្តានុពលខាងលើ ដើម្បីជំរុញឱ្យចេញជាសកម្មភាពជាក់ស្ដែង៕