ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការសាងសង់ និងជួសជុល ដើម្បីឱ្យអគារថ្មីរឹងមាំស្តង់ដាក្រសួង ។ ទន្ទឹមនឹងនេះ ក្រសួងក៏ត្រៀមសម្រាប់ការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្នដើម្បីសម្រួលដល់ដំណើររៀន និងបង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំ។
យោងតាមក្រសួងអប់រំ កិច្ចប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលដើម្បីកែលម្អ និងសម្រេចលើគម្រោងផែនការជួសជុលអគារសិក្សាដែលរងការខូចខាតពីការវាយប្រហាររបស់ថៃ និងគម្រោងការសាងសង់អគាររឹងមាំស្តង់ដាក្រសួង។ បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី គម្រោងសាងសង់អគារសិក្សាបណ្តោះអាសន្នដែលរងការខូចខាត ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រួចមក រដ្ឋមន្រ្តីក្រសួងអប់រំ បានផ្តល់អនុសាសន៍ ដូចជា៖ (១) ក្រុមការងារជំនាញចុះទៅពិនិត្យដោយផ្ទាល់ ដល់ទីតាំងជាក់ស្តែងដែលត្រូវសាងសង់ និងជួសជុល ដើម្បីស្វែងយល់ និងសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ពីតម្រូវការចាំបាច់ដើម្បីជំរុញឱ្យដំណើរការជួសជុល និងសាងសង់ឆាប់រហ័សតាមការគ្រោងទុក, (២) ត្រៀមឱ្យរួចជាស្រេច នូវប្លង់អគារសិក្សាស្តង់ដាក្រសួង និងការសាងសង់បណ្ណាល័យ បញ្ជីគម្រោងថវិកាសាងសង់ និងជួសជុល, (៣) រៀបចំការស្នើសុំគោលការណ៍ក្នុងការសាងសង់ និងជួសជុល ដើម្បីឱ្យទាន់ការបើកបវេសនកាល (៤) ស្នើសុំការត្រួតពិនិត្យសុវត្ថិភាព និងការបោសសំអាតមីននៅតាមសាលារៀនដែលរងប៉ះពាល់ (៥) ក្នុងករណីដែលមិនអាចដំណើរការបានដោយសារស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព ក្រសួងនឹងរៀបចំជាយុទ្ធសាស្ត្របើកបវេសនកាលឆ្នាំសិក្សាថ្មី តាមតំបន់ទីទូលសុវត្ថិភាពដែលអំណោយផលដល់ការរៀន និងបង្រៀន,(៦) រៀបចំរបាយការណ៍ស្តីពី ស្ថានភាពសាលារៀនដែលរងផលប៉ះពាល់ និងវិភាគរកដំណោះស្រាយ និងទីតាំងសម្រាប់ការបង្រៀនដែលសមស្រប ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗដើម្បីជួយដល់ដំណើរការរៀន និងបង្រៀន (៧) រៀបចំផែនការយុទ្ធសាស្ត្រស្តារសាលារៀនឡើងវិញតាមតំបន់ និងរៀបចំសេចក្តីណែនាំសម្រាប់ការបើកបវេសកាលថ្មី នាដើមខែវិច្ឆកា ២០២៥ ខាងមុខនេះ។
ក្រសួងអប់រំ បានគូសបញ្ជាក់ថា ភ្នាក់ងារពាក់ព័ន្ធនឹងបន្តអនុវត្តការងារនេះជាអាទិភាពទៅតាមជំនាញរៀងៗខ្លួន ដើម្បីធានាបានថា សិស្សដែលរស់នៅតំបន់តាមបណ្តោយព្រំដែន នឹងអាចបន្តការសិក្សានៅឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦នេះ ដោយក្រសួងអប់រំ នៅតែបន្តយកចិត្តទុកដាក់ និងទាក់ទងយ៉ាងដិតដល់ជាមួយមន្ទីរអប់រំ នៃខេត្តឧត្តរមានជ័យ និងព្រះវិហារ ដើម្បីតាមដានស្ថានភាពរបស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ សំដៅផ្តល់ការគាំទ្រជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព ឱ្យអស់ពីលទ្ធភាព៕