ភ្នំពេញ៖ «ពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១០» ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅ វិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពី លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ , លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ លោកគ្រូឧទ្ទេសាចារ្យ អាចារ្យ អាចារិនី សរុបចំនួន ១០០០នាក់។
លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានថ្លែងថា ពិធីជួបជុំដែលប្រារព្ធធ្វើនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់សម្តេចមហសបវរធិបតី នាយករដ្ឋមន្ត្រី និងការរួមចំណែកគាំទ្រពីភាគីពាក់ព័ន្ធនានា បានធ្វើឱ្យសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវអត្តសញ្ញាណរបស់ខ្លួន រហូតមកទល់បច្ចុប្បន្ននេះ។ ក្រសួងធម្មការនិងសាសនា បាននិងកំពុងរៀបចំបង្កើតសមាគមអាចារ្យឡើងវិញ និងបន្តការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យ អាចារិនីខ្មែរឱ្យមានការឯកភាពគ្នាក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ប្រពៃណីរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ អភិរក្សមរតកវប្បធម៌ខ្មែរ ដើម្បីបញ្ចៀសវិបត្តិអាចារ្យក្នុងកម្ពុជា។
ចំណែកឯ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសូងអប់រំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងធម្មការ និងសាសនា ដែលបានពង្រីងតួនាទីភារកិច្ចនិងក្រមសីលធម៌ដល់អាចារ្យ អាចារិនីខ្មែរតាមគ្រប់រូបភាព ដើម្បីឈានឆ្ពោះទៅរកការឯកភាពជាធ្លុងមួយទាំងខាងទស្សនៈ គោលជំហរ និងការប្រតិបត្តិ ក្នុងការងារដឹកនាំពិធីកម្មសាសនា និងទំនៀមទម្លាប់ប្រពៃណី ជាពិសេសការរៀបចំពិធីជួបជុំប្រចាំឆ្នាំនាពេលនេះ។ លោកបានគូសបញ្ជាក់ថា ពុទ្ធិដែលកើតចេញពីការពិភាក្សា និងការផ្លាស់ប្តូរនេះ មិនត្រឹមតែជាកត្តាគន្លឹះក្នុងការថែរក្សា និងអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរឱ្យគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីរួមមួយ ដែលជួយពង្រឹងវិបុលភាពសង្គម វប្បធម៌សន្តិភាព និងសុខដុមរមនាសម្រាប់ប្រទេសជាតិយើងផងដែរ។
គួរបញ្ជាក់ថា ឧទ្ទេសាចារ្យ ២១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០៛ ចំណែកឯ អាចារ្យ អាចារិនី ១,០០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០៛ ពីអំណោយដ៏ថ្លៃថ្លា របស់សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕