ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី ៣១ សីហានេះ បានបញ្ចេញរបាយការណ៍ស្រាវជ្រាវពាក់ព័ន្ធនឹងករណីបង្ហោះរូបភាពដែលថាមានការ«បែកធ្លាយវិញ្ញាសាគណិតវិទ្យា»នៃដំណេីរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៨-២៩ សីហា។ មកដល់ពេលនេះ ACU រកមិនឃើញរូបភាពពិតប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅឡេីយទេ។
យោងតាមរបាយការណ៍ រហូតមកទល់ល្ងាចថ្ងៃទី៣០ ខែសីហា ប៉ុន្ដែក្រុមការងារនៅតែរកមិនឃើញរូបពិត ប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះនានានៅឡើយទេ។សម្រាប់ ACU ក្រុមការងារជំនាញ រកឃើញតែរូបថតវិញ្ញាសាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថត ជាវិញ្ញាសាគណិតវិទ្យាដែលថតផ្សាយព្រាលៗ រូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះមិនមែនជារូបវិញ្ញាសាគណិតវិទ្យារូប រាងពិតឡើយ។
បើតាមរបាយការណ៍ដដែល ការបង្ហោះថា មានការបង្រៀនតាម Zoom ពីចម្លើយគណិតវិទ្យា ដែលដូចទៅនឹងវិញ្ញាសាគណិតវិទ្យាមុនម៉ោងប្រឡង (បង្រៀននៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ម៉ោង០៦៖៤៦នាទី)។ ACU ស្នេីសុំការសហការពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានដឹង និងរក្សាទុកភស្តុតាង ក្រោយគណនីមួយចំនួន បានលុបការបង្ហោះរបស់ខ្លួន។