សៀមរាប៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរ ជាតិដោះស្រាយទំនាស់ដីធ្លី កាលពីនៅថ្ងៃទី ២០ ខែសីហា បានសម្រេចបដិសេធ និងមិនបន្តពិនិត្យដោះស្រាយ លើករណីសំណើសុំអន្តរាគមន៍ ឬបណ្ដឹងទាំងឡាយណា ដែលពាក់ព័ន្ធនឹងទីតាំងដី ៣៧ ៨៤៥ ម៉ែត្រការ៉េ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមក្រសួង ដ.ន.ស. បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ពីបុគ្គលឈ្មោះ ជា សំអឿន ភេទ ប្រុស អាយុ ៥០ឆ្នាំ និងឈ្មោះ ឈឹម វណ្ណដេត ភេទ ប្រុស អាយុ ៦៥ឆ្នាំ ស្នើសុំអន្តរាគមន៍មកក្រសួង ដ.ន.ស. ដោយអះអាងថា ខ្លួនជាតំណាងប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ស្នើសុំអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីពាក់ព័ន្ធក្បាលដីដែលមានទំហំសរុប ៣៧ ៨៤៥ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
ករណីនេះ ក្រសួង ដ.ន.ស. បានពិនិត្យស្រាវជ្រាវឃើញថា ទីតាំងដីស្នើសុំជាដីសាធារណៈរបស់រដ្ឋ ស្ថិតក្រោម ការកាន់កាប់និងគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ហើយកន្លងមក ក្រសួង បានសម្រេចបដិសេធសំណើសុំខាងលើនេះ តាមរយៈលិខិតលេខ ១៧០៥ ដនស/ក្រ.វ. ដីធ្លី ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ និងស្នើឱ្យម្ចាស់សំណើបញ្ឈប់នូវរាល់សកម្មភាពបណ្ដឹងខុសច្បាប់ទាមទារលើដីសាធារណៈរបស់រដ្ឋ។ ក្រសួងបន្ថែមថា ទោះបីជាមានការជូនដំណឹងអំពីការបដិសេធទៅបុគ្គលតំណាងខាងលើរួចហើយក្តី ក៏បុគ្គលខាងលើនៅតែមិនព្រម ទទួលយក និងបានព្យាយាមស្នើសុំអន្តរាគមន៍ជាបន្តបន្ទាប់ទៅកាន់អាជ្ញាធរមូលដ្ឋាន និងតាមបណ្តាក្រសួង-ស្ថាប័ន ដទៃទៀត ឱ្យជួយពិនិត្យ និងដោះស្រាយ ក្នុងចេតនាទុច្ចរិតទាមទារយកដីសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួនដោយខុសច្បាប់។
ក្រសួង ដ.ន.ស. បានបញ្ជាក់ថា បុគ្គលទាំងឡាយណា ដែលចូលទន្ទ្រានកាន់កាប់ និងរំលោភបំពានលើដីសាធារណៈរបស់រដ្ឋ ដោយខុសច្បាប់ តាមរយៈការបំផុសបំផុល និងញុះញង់ដោយចេតនាទុច្ចរិត គឺជាបទល្មើស ដូចមានចែងក្នុងមាត្រា២៥៩ នៃច្បាប់ ភូមិបាល ឆ្នាំ២០០១ ដែលអាចនាំឱ្យជនល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕