ភ្នំពេញ៖ ក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០២៥ បានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ តាមរយៈយុទ្ធនាការ«ពន្លកបៃតង» ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ សរុបចំនួន ២,៧លានដើម ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័នកាបូនិកឈានឆ្ពោះទៅប្រទេសអាព្យាក្រឹតកាបូន និងជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងដំណើរផ្លូវឆ្ពោះទៅអនាគតរបស់អ្នកជំនាន់ក្រោយ។
បើតាមរបាយការណ៍ផ្តល់ដោយក្រសួងបរិស្ថាន បញ្ជាក់ថា រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសចំនួន១១លានអង្គ/នាក់។
ចំណែកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមអនុវត្តបានជាង៦លានអង្គ/នាក់។ នៅក្នុងទិសដៅបន្ត ក្រសួងបរិស្ថាន ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់។
បើតាមប្រភពដដែល ក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០២៥ បានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ តាមរយៈយុទ្ធនាការ«ពន្លកបៃតង» ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ សរុបចំនួន ២,៧លានដើម ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន, និងជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងដំណើរផ្លូវឆ្ពោះទៅអនាគតរបស់អ្នកជំនាន់ក្រោយ។ នៅក្នុងទិសដៅបន្ត ក្រសួងបរិស្ថាន បន្តពង្រឹងការការអនុវត្តច្បាប់ សមត្ថភាពមន្រ្តី ការតាមដាន ស្រាវជ្រាវ និងជំរុញការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវបន្ថែមទៀត៕