ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងមូលនិធិហ្វ្រេដហូឡូកម្ពុជា នាថ្ងៃទី២៥ សីហា បានចុះកិច្ចព្រមព្រៀងបន្តអនុវត្តគម្រោង «សុខភាពភ្នែកដើម្បីទទួលបានសេវាគ្របដណ្តប់ដ៏ទូលំទូលាយ និងប្រកបដោយបរិយាបន្ននៅកម្ពុជា» ផ្តល់វគ្គបណ្តុះបណ្តាលដល់ពលរដ្ឋពីវិធីសាស្ត្រថែទាំភ្នែក ការពិនិត្យភ្នែក ថ្នាំបន្តក់ភ្នែក វ៉ែនតា និងសេវាវះបកភ្នែកដោយដោយឥតគិតថ្លៃ។
សកម្មភាពដែលបានអនុវត្តលើគម្រោង«សុខភាពភ្នែកប្រកបដោយនិរន្តរភាព និងសមធម៌»នេះរួមមាន៖ ផ្តល់វគ្គបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋនៅក្រុមគោលដៅអំពីវិធីសាស្ត្រថែទាំភ្នែក ផ្តល់ជូនការពិនិត្យភ្នែក ថ្នាំបន្តក់ភ្នែក និងវ៉ែនតា ព្រមទាំងលើកទឹកចិត្តពួកគាត់ទៅទទួលបានសេវាវះបកភ្នែកដោយដោយឥតគិតថ្លៃ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន។ កន្លងមក គម្រោងនេះបានអនុវត្តប្រកបដោយភាពជោគជ័យនៅក្នុងខេត្តចំនួន៦ គឺខេត្តព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ និងខេត្តកណ្តាល។
ផ្អែកលើសមិទ្ធផលទាំងនេះ មូលនិធិហ្វ្រេដហូឡូ និងក្រសួងកិច្ចការនារី នឹងបន្តកិច្ចសហការលើកការអនុវត្តគម្រោងថ្មី «សុខភាពភ្នែកដើម្បីទទួលបានសេវាគ្របដណ្តប់ដ៏ទូលំទូលាយ និងប្រកបដោយបរិយាបន្ននៅកម្ពុជា» ដោយពង្រីកខេត្តគោលដៅបន្ថែមទៀតដើម្បីឱ្យគម្រោងនេះបានទៅដល់ក្រុមគោលដៅនៅទូទាំងប្រទេស។
លោកស្រីអុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានស្នើឱ្យមូលនិធិហ្វេ្រដហូឡូ ពង្រីកតំបន់គោលដៅសម្រាប់ការអនុវត្តគម្រោងនេះបន្ថែមទៀតដល់ ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលជាពិសេសស្រ្តី ក្មេងស្រី និងជនងាយរងគ្រោះ ចាប់ផ្តើមទទួលបានសេវាសុខភាពភ្នែក អនុវត្តវិធីការពារឱ្យបានត្រឹមត្រូវទៅតាមវេជ្ជសាស្ត្រ និងព្យាបាលភ្នែកឱ្យបានទាន់ពេលវេលា និងបន្ថែមការផ្សព្វផ្សាយតាមបណ្តាញសង្គម និងការចុះទៅផ្សព្វផ្សាយផ្ទាល់នៅសហគមន៍ ដើម្បីចូលរួមកាត់បន្ថយអត្រាពិការភ្នែកមកនៅត្រឹម ០.៣% នៅឆ្នាំ២០៣០៕