681 ezgif.com resize
Swift cc time

កម្ពុជាកំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនិងបោសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក ច សូ មីន (Kyaw Soe Min) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោក ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនលោក ឯកអគ្គរដ្ឋទូតថា គណៈកម្មការចំពោះកិច្ច គ.ប.ឆ.ប. ដែលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្ទាល់ មានភាពចាំបាច់ចំពោះមុខ និងយូរអង្វែងទៅមុខ។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការចំពោះកិច្ចនេះ ជាយន្តការបន្ថែម និងជាការបន្ថែមកម្លាំងកម្រិតថ្នាក់ជាតិ ដើម្បីចង្អុល តម្រង់ទិសដល់ថ្នាក់ក្រោមជាតិដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ជាប្រតិបត្តិករផ្ទាល់។ លោកបានបន្ថែមថា គ.ប.ឆ.ប. បាននិងកំពុងបង្កើន កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីប្រយុទ្ធប្រឆាំងនិងបោសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។

លោក ឆៃ ស៊ីណារិទ្ធ ក៏បានសំណូមពរដល់លោកឯកអគ្គរដ្ឋទូតផ្តល់កិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំង និងបោសសម្អាត Online Scams តាមរយៈ ការជួយទប់ស្កាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធ Online Scams ចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមុខសញ្ញាប្រព្រឹត្តបទល្មើស Online Scams និងបន្តទទួលយកពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការត្រលប់ទៅមីយ៉ាន់ម៉ា ដើម្បីបន្តការសាកសួរ ស៊ើបអង្កេត និងចែករំលែកមក គ.ប.ឆ.ប វិញ។

ជាកិច្ចឆ្លើយតប លោក ច សូ មីន (Kyaw Soe Min) បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលបានរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាគម្រូសម្រាប់ប្រទេសដទៃ។ លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាសម្រេចបាន ផ្តល់ជាប្រយោជន៍ដល់ស្ថិរភាពរបស់កម្ពុជា និងក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់អំពីការតាំងចិត្តរបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ាលើការបង្រ្កាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក៏ដូចជាចែករំលែកបទពិសោធន៍ និងលទ្ធផលនៃយុទ្ធនាការបង្រ្កាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងមក ផងដែរ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ដែលនឹងនាំមកនូវកិច្ចសហប្រតិបត្តិការមួយដ៏ល្អប្រសើរទាំងក្នុងបច្ចុប្បន្ន និងអនាគត ធ្វើយ៉ាងណាដើម្បីស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានដល់ឫសគល់ កាត់បន្ថយជាអតិបរិមា និងធ្វើឱ្យស្ថានភាពទូទៅរបស់បណ្តាប្រទេសពាក់ព័ន្ធបានធូរស្រាល ព្រមទាំងរួមចំណែករក្សាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២៥ នេះ បានបង្ហាញថា ក្នុងក្របខណ្ឌនៃយុទ្ធនាការនិងការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS)បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២,៤៥០នាក់ និរទេសចេញពីកម្ពុជា។

ជាការកត់សម្គាល់ ក្នុងប្រតិបត្តិការបោសសម្អាតអំពើឆបោកអនឡាញនៅខេត្តកំពតកាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងចំនួន ១៤ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកអនឡាញ អំពើឃាតកម្ម និងការជួញដូរមនុស្ស ដែលវាបានក្លាយជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំមួយក្នុងចំណោមប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ក្នុងរយៈពេលប្រមាណ៦០ថ្ងៃ គិតចាប់ពីខែមិថុនា ដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ នេះ ក្នុងនោះសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះដោយអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្ស៕

Khcct banner

អត្ថបទទាក់ទង