ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតនារីក្រីក្រ ឆ្នាំទី១ ឱ្យចូលស្នាក់នៅជាបណ្ដោះអាសន្ន សរុបចំនួន ១២០ នាក់ នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីដោយឥតគិតថ្លៃ។
ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២២ ខែសីហា បានប្រកាសដល់និស្សិតនារីក្រីក្រ ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តសិក្សា សាធារណៈទាំងអស់តាមរូបភាពអាហារូបករណ៍ និងបង់ថ្លៃសិក្សាថា មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងស្ថិតនៅជាប់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងធ្វើការជ្រើសរើសនិស្សិតនារីក្រីក្រ ឆ្នាំទី១ ឱ្យចូលស្នាក់នៅជាបណ្ដោះអាសន្ន សរុបចំនួន ១២០ នាក់។
បើតាមក្រសួងអប់រំ លក្ខខណ្ឌជ្រើសរើសត្រូវតែជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃសិក្សា ដែលកំពុងសិក្សាឆ្នាំទី១នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ, ជានិស្សិតនារីក្រីក្រ និងនិស្សិតនារី ដែលមានពិការភាព មកពីខេត្តនានា (សូមភ្ជាប់លិខិតបញ្ជាក់ពីមេភូមិ ឈុំ) និងជានិស្សិតនារីនៅលីវ មានវិន័យ និងសីលធម៌ល្អ។
បេក្ខជន ត្រូវយកពាក្យស្នើសុំមកដាក់ដោយខ្លួនឯង នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន ចាប់ពីថ្ងៃជូន ដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការប្រកាសលទ្ធផល នឹងត្រូវបិទផ្សាយនៅមជ្ឈមណ្ឌលអន្ទេវាសិកនិស្សិតនារី និងតាមគេហទំព័រផ្លូវការរបស់ ក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើស នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥៕