681 ezgif.com resize
Swift cc time

CMAC និងអង្កការIMCCD ចុះMOU លើគម្រោង«បោសសម្អាតមីនតោនតាមសហគមន៍»ក្នុងខេត្តបាត់ដំបង និងប៉ៃលិន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នាថ្ងៃទី២៥ ខែសីហានេះ រួមជាមួយលោក Takayama Ryori ប្រធានអង្គការបោសសម្អាតមីននិងអភិវឌ្ឍសហគមន៍(IMCCD) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង «បោសសម្អាតមីនតោនតាមសហគមន៍» ដើម្បីអនុវត្តការបោសសម្អាតគ្រាប់មីនប្រឆាំងយាន្តយន្ត នៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍន៍ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គម។ កិច្ចសហការនេះ ត្រូវអនុវត្តគម្រោងបោសសម្អាតមីនក្នងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ គម្រោងនេះនឹងផ្តើមចាប់អនុវត្តចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

លោក ហេង រតនា បានឲ្យដឹងថា អង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍(IMCCD) បានចាប់ផ្ដើមកិច្ចប្រតិបត្តិការរបស់ខ្លួនជាមួយអង្គភាពCMACតាំងពីឆ្នាំ២០១១មកម្លេះ គិតមកដល់ត្រឹមឆ្នាំ២០២៥នេះ គម្រោងនេះមានរយៈពេល១៥ឆ្នាំហើយ។ គម្រោង IMCCDនេះ ផ្ដោតសំខាន់លើការបោសសម្អាតគា្រប់មីនប្រឆាំងមនុស្ស និងសំណល់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះគ្រប់ប្រភេទ ជាពិសេសការបោសសម្អាតគ្រាប់មីនប្រឆាំងរថក្រោះ។ លោកបន្ថែមថា តាមរយៈគម្រោងIMCCDនេះ បានចូលរួមចំណែកដល់ប្រជាពលរដ្ឋកាន់តែមានសុខសុវត្ថិភាពក្នុងការប្រើប្រាស់ដីធ្វើកសិកម្ម សង់លំនៅដ្ឋាន សាលារៀន និងមន្ទីរពេទ្យជាដើម ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ក៏ដូចជាសង្គម។

លោក ហេង រតនា ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំជាមួយគោលនយោបាយដែលរាជរដ្ឋាភិបាលទេីបតែដាក់ចេញថ្មីៗនេះ ក្នុងការពង្រឹងកិច្ចសហការបោសសម្អាតគ្រាប់មីននៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយផ្តល់អាទិភាពជាចំបងចំពោះទីតាំងណាដែលមានមនុស្សរស់នៅនិងប្រេីប្រាស់ដីធ្លី ដេីម្បីធានាសុខសុវត្ថិភាពនិងផលប្រយោជន៍សេដ្ឋកិច្ចសង្គម។ ដូចនេះឃុំតាសែន ស្រុកកំរៀងដែលមានចម្ការមីនខ្លះជាប់ព្រំដែន អាចត្រូវបានបោសសម្អាតទាំងស្រុង៕

Khcct banner

អត្ថបទទាក់ទង