ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ សីហានេះ ជាប់ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ ខណៈនៅសល់តែ១ខេត្តទៀតប៉ុណ្ណោះ កម្ពុជានឹងទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងទូទាំងប្រទេស។
លោកអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ពីស្ថានភាពទូទៅនៅក្នុងខេត្ត ជាពិសេសការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅតាមរយៈការបរិភោគ និងប្រើប្រាស់ទឹកស្អាត ព្រមទាំងការប្រតិបត្តិអនាម័យជាក់ស្ដែង ដោយនៅក្នុងខេត្តពោធិ៍សាត់ មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យ ស្មើនឹង ១០០% ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ៩៤% និងខ្នងផ្ទះប្រើប្រាស់បង្គន់រួម ៦%។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តពោធិ៍សាត់សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ៕