ភ្នំពេញ៖ ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា បានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២,៤៥០នាក់ និរទេសចេញពីកម្ពុជា ក្នុងនោះមានជនជាតិចិនជាង៨០០នាក់។
យោងតាមរបាយការណ៍ ពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ ក្នុងនោះ មានជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២,៤៥០ នាក់។
.jpg?1755830225)
បើតាមប្រភពដដែល បានគូសបញ្ជាក់ថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ យុទ្ធនាការបង្រ្កាបរបស់រាជារដ្ឋាភិបាលកម្ពុជា បានបង្រ្កាបក្រុមឧក្រិដ្ឋជនឆបោកអនឡាញ និងអំពើល្មើសពាក់ព័ន្ធ សរុបប្រមាណជាង ២៤,០០០នាក់ ក្នុងនោះជនបរទេសចំនួន ២៣,៩៩០នាក់ ត្រូវបាននិរទេសចេញពីកម្ពុជា។ ជាមួយគ្នានេះ សមត្ថកិច្ចបានជួយសង្រ្គោះជនរងគ្រោះពីអំពើជួញដូរ និងអំពើឆបោកអនឡាញ សរុបចំនួនប្រមាណជាង ៤,៨០០នាក់ មាន ២៧សញ្ជាតិ។
.jpg?1755830233)