ភ្នំពេញ៖ ម៉ាឡេស៊ី និងកម្ពុជា នាថ្ងៃទី២១ សីហានេះ បានជជែកពិភាក្សាពង្រឹងទំនាក់ទំនងទ្វេរភាគី ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយរំពឹងថានឹងអាចទាក់ទាញវិនិយោគម៉ាឡេស៊ីឱ្យបានច្រើនមកកាន់កម្ពុជា ជាពិសេសលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ (Halal Food)។
ក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី បានធ្វើការជជែកពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នា ពិសេសលើការពង្រឹងទំនាក់ទំនងទ្វេរភាគី ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយរំពឹងថានឹងអាចទាក់ទាញវិនិយោគម៉ាឡេស៊ីឱ្យបានច្រើនមកកាន់កម្ពុជា ជាពិសេសលើវិស័យឧស្សហកម្មកែច្នៃម្ហូបអាហារហាឡាល់ (Halal Food)។
ក្នុងជំនួបនេះ ឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពជាផ្លូវការកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលនេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងស្ថិរភាពរវាងប្រទេសជិតខាង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
គួររម្លឹកថា ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានវិនិយោគដំបូងៗគេបង្អស់នៅកម្ពុជា (ចាប់តាំងពីខែមេសា ឆ្នាំ១៩៩៤) រួមទាំងគម្រោងធំៗ ដូចជាស្រាបៀរអង្គរ និងរោងចក្រផលិតអគ្គិសនី៕