ភ្នំពេញ៖ អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយអ្នកឧកញ៉ាអគ្គលេខាធិការ និងអ្នកឧកញ៉ាសមាជិកក្រុមប្រឹក្សាភិបាលជាច្រើនរូប នាថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ ក៏ដូចជានាំយកអំណោយជាថវិកាប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិចំនួន ២រូបក្នុងខេត្តព្រះវិហារ និង១រូបនៅខេត្តកំពង់ធំ។
ក្នុងឱកាសនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បាននាំយកថវិកាជូនក្រុមគ្រួសារវីរយោធិនពលីទាំង ២រូបរួមមាន៖
១. លោកវរសេនីយ៍ទោ រៀម តុងសៀន ដែលបានពលីជីវិតនៅសមរភូមិជួរមុខខេត្តឧត្តរមានជ័យ ខណៈដែលក្រុមគ្រួសារកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅជុំរុំភៀសសឹកវត្តពោធិ៍ព្រឹក្ស៥០០០ដើម។
២. លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ ដែលបានពលីជីវិតនៅសមរភូមិមុខភ្នំទ្រព្យ ខណៈដែលក្រុមគ្រួសារកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅជុំរុំភៀសសឹកវត្តសាលវន្តរង្សី ហៅវត្តស្រយង់កោះកេរ។
បន្ទាប់ពីនេះ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ផែ ហុកឈួន បានដឹកនាំសមាជិកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី ប៊ូ ផូ ជាយោធិនក្នុងកងពលតូចអន្តរាគមន៍លេខ៨ នៃកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីក្នុងសមរភូមិដើម្បីបុព្វហេតុជាតិមាតុភូមិនាពេលថ្មីៗនេះ ដោយពិធីបុណ្យត្រូវបានប្រារព្ធឡើងនៅគេហដ្ឋានក្នុងភូមិវាលតូច ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
សមាគមឧកញ៉ាកម្ពុជា ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរជនពលីទាំង៣រូបបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕