
ភ្នំពេញ៖ កូនខ្មែរម្នាក់ឈ្មោះ អួន បឋម ហៅសាយ បានប្រើពេល៩៩ថ្ងៃ ដើម្បីរត់ជុំវិញប្រទេស ដោយឆ្លងកាត់ ២១ ខេត្ត-ក្រុង ក្នុងគោលបំណងរៃអង្គាសប្រាក់ និងបំផុសសកម្មភាពមនុស្សធម៌ដល់យុវវ័យ។ "Run With SAI" គឺជាឈ្មោះបេសកកម្មមនុស្សធម៌ដ៏កម្រមួយដែលផ្ដួចផ្ដើមឡើងដោយសាយ។
លោក អួន បឋម ហៅ សាយ បានឱ្យដឹងថា ក្រោយពេលដែលលោកប្រកាសការលេងហ្គេមបរិច្ចាគម្នាក់មួយដុល្លារ ដើម្បីមន្ទីរពេទ្យកុមារអង្គរ ឃើញថាមានការចូលរួមលេងច្រើនពីសំណាក់ប្រជាពលរដ្ឋ ដោយត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ ទឹកប្រាក់ដែលបរិច្ចាគមានដល់ទៅ១៣ ម៉ឺនដុល្លារជាង ដែលគិតជាចំនួនអ្នកលេងមានរាប់សែននាក់។
បើតាមលោកសាយ បានលើកឡើងថា ការចូលរួមបរិច្ចាគលុយមួយដុល្លារម្នាក់វាតិចតួចមែនពិត តែការចូលរួមយ៉ាងស្រុះដៃគ្នាបែបនេះ ជាចំណែកមួយក្នុងការជួយសង្គមកម្ពុជា ជាពិសេសគឺក្ដីសង្ឃឹមដល់កុមារដែលត្រូវការជំនួយនៅមន្ទីរពេទ្យកុមារអង្គរ។លោកបន្តថា ការចូលរួមពីអ្នកទាំងអស់គ្នាពិតជាធ្វើឱ្យរូបលោកសប្បាយរីករាយមែនទែន ព្រោះរយៈពេលត្រឹមតែ២៤ម៉ោង អាចរកថវិការជូនមន្ទីរពេទ្យបានហួសពីការស្មាន ហើយស្មើនឹងពាក់កណ្ដាលចំនួនទឹកប្រាក់ដែលកម្មវិធីបានគ្រោងទុក។
លោកក៏បានបន្តដែរថា ការចូលរួមទាំងនេះ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់រូបលោកបន្តការរត់ទៅមុខទៀត។
លោកបានលើកឡើងយ៉ាងដូច្នេះថា "គិតចាប់តាំងពីថ្ងៃរត់មកដល់ខេត្តបាត់ដំបង គឺបាន៤១%នៃកម្មវិធី ប៉ុន្តែចំនួនទឹកប្រាក់រៃអង្គាសបានតែ២រយលានរៀល តែនៅពេលដែលចាប់ផ្ដើមការលេងហ្គេមបរិច្ចាគម្នាក់មួយដុល្លារធ្វើឱ្យចំនួនទឹកប្រាក់មានការកើនឡើងសរុប១៨មឺនដុល្លារជាង ស្មើនឹង៧៥%នៃកម្មវិធី"។
ជាមួយគ្នានេះលោកក៏បានលើកឡើងពីបញ្ហាសុខភាពដែរថា មកទល់ពេលនេះគឺលោកមានសុខភាពល្អធម្មតាទេ ហើយអាចរត់់បន្តទៅមុខទៀត ហើយលោកនៅតែសូមឱ្យមានការចូលរួមបរិច្ចាគបន្តទៀត ព្រោះទឹកប្រាក់មួយដុល្លារនេះពិតជាធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងធំធេងសម្រាប់ក្ដីសង្ឃឹមរបស់មន្ទីរពេទ្យនិងកុមារកម្ពុជា។
លោក អួន បឋម ហៅសាយ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរបន្តចូលរួមលេហ្គេមបរិច្ចាគមួយដុល្លារនេះទៀតដើម្បីជាក្ដីសង្ឃឹមជួយដល់កុមារកម្ពុជាដែលកំពុងត្រូវការជំនួយសម្រាប់ការព្យាបាល ដោយក្នុងកុមារម្នាក់ត្រូវចំណាយអស់៤៦ដុលា្លរ។
សូមជម្រាបជូនថា លោក អួន បឋម ដែលបងប្អូនស្គាល់ថា "សាយ" ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេង ពេលនេះកំពុងធ្វើការរត់ជុំវិញព្រះរាជាណាចក្រកម្ពុជា ដោយឆ្លងកាត់រាជធានី ខេត្តជាច្រើន។ បុព្វហេតុនៃការរត់នេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីពេទ្យមួយធ្វើការព្យាបាលកុមារកម្ពុជាជាច្រើននាក់ផងដែរ។ ជាមួយគ្នានេះដែរ បងប្អូនអាចចូលរួមវិភាគទានជាប្រាក់សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យនេះតាមរយៈកម្មវិធីរបស់សាយ ឬក៏ធ្វើការផ្ទេរប្រាក់ចូលគណនីរបស់មន្ទីរពេទ្យដោយផ្ទាល់ផងដែរ៕
.jpg?1605336248)
