681 ezgif.com resize
Swift cc time

ជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ប្រមាណ ១,៨ លានដុល្លារ ឆ្លើយតបនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហានេះ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។

រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុន បានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង